
ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរជូនយុវជនគណបក្សស្រុកមេមត់ ដែលមានស្នាដៃល្អក្នុងអាណត្តិទី៥
ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរជូនយុវជនគណបក្សស្រុកមេមត់ ដែលមានស្នាដៃល្អក្នុងអាណត្តិទី៥ (ខេត្តត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន កុសល្យ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរជូនដល់យុវជនគណបក្សប្រជាជនកម្ពុជាស្រុកមេមត់ ខេត្តត្បូងឃ្មុំប្រមាណជិត៨០០នាក់ ដែលមានស្នាដៃល្អឆ្នើមក្នុងអាណត្តិទី៥ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ (ឆ្នាំ២០២២-២០២៧)។ ពិធីនេះត្រូវបានរៀបចំឡើងដើម្បីជាការលើកទឹកចិត្ត និងការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងយុវជនបក្ស ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងសកម្មភាពបម្រើប្រជាពលរដ្ឋ និងការពង្រឹងមូលដ្ឋានបក្សឱ្យកាន់តែរឹងមាំ។ ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ជូនដល់សមាជិក សមាជិកាទាំងអស់ដោយសេចក្តីនឹករលឹកបំផុត។ ឯកឧត្តមបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយុវជនគណបក្សស្រុកមេមត់ ដែលជានិច្ចកាលតែងតែជាកម្លាំងចលករដ៏សកម្ម និងជាឆ្អឹងខ្នងដ៏រឹងមាំរបស់គណបក្សនៅមូលដ្ឋាន។ ឯកឧត្តមបញ្ជាក់ថា ជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ក្នុងអាណត្តិទី៥ កន្លងទៅ គឺមិនអាចកាត់ផ្តាច់បានពីការចូលរួមយ៉ាងសកម្មរបស់យុវជននោះឡើយ ទាំងការចុះជួយដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ និងការផ្សព្វផ្សាយពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស។ ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ែន កុសល្យ ក៏បានផ្តាំផ្ញើដល់យុវជនបក្សទាំងអស់ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ រក្សានូវក្រមសីលធម៌ជាអ្នកបម្រើពលរដ្ឋ និងត្រូវបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យទាន់ការវិវត្តនៃសង្គមឌីជីថល ដើម្បីបន្តសម្រេចបាននូវស្នាដៃថ្មីៗបន្ថែមទៀត ក្នុងគោលដៅបម្រើជាតិ និងមាតុភូមិ ក្រោមដំបូលនៃសន្តិភាព។ ជាកិច្ចបញ្ចប់ ឯកឧត្តមបានផ្ដល់កិត្តិយសប្រគល់ប័ណ្ណសរសើរនិងថវិការមួយចំនួន ជូនដល់តំណាងយុវជនបង្គោល និងសមាជិកយុវជនដែលមានស្នាដៃឆ្នើមមកពីបណ្តាឃុំនានាទូទាំងស្រុកមេមត់ ក្នុងបរិយាកាសស្និទ្ធស្នាល និងមោទនភាពជាទីបំផុត៕









