
អភិបាលខេត្តពោធិ៍សាត់ ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ដើម្បីលើកកម្ពស់សោភណភាព និងគម្របបៃតងតាមដងផ្លូវទេពឧកញ៉ាឃ្លាំងមឿង
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ អភិបាលរងខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន ចូលរួមយ៉ាងកុះករក្នុងយុទ្ធនាការដាំដើមក្ងោកចំនួន ៣០០ដើម នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦។ សកម្មភាពដាំកូនឈើនេះ ត្រូវបានធ្វើឡើងនៅលើដងផ្លូវទេពឧកញ៉ាឃ្លាំងមឿង ដោយចាប់ផ្ដើមពីចំណុចផ្លូវជាតិលេខ៥ រហូតទៅដល់វត្តហ្លួង ក្នុងគោលបំណងកែលម្អសោភណភាព បង្កើតគម្របបៃតង និងលើកកម្ពស់បរិស្ថានរស់នៅឱ្យកាន់តែមានភាពស្រស់បំព្រង។ នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការដាំដើមក្ងោកនាពេលនេះ មិនត្រឹមតែជួយបង្កើតជាស្រមោលត្រជាក់ និងកាត់បន្ថយកម្តៅប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាផ្ទាំងទស្សនីយភាពផ្ការីកស្គុះស្គាយយ៉ាងស្រស់ស្អាតនៅថ្ងៃអនាគត ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តក្នុងខេត្តពោធិ៍សាត់កាន់តែច្រើនឡើង។ ជាមួយគ្នានោះ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមថែរក្សា ការពារកូនឈើទាំងនេះឱ្យលូតលាស់ល្អ ដើម្បីជាប្រយោជន៍រួមរបស់ខេត្តទាំងមូល៕









