
គណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំសមត្ថកិច្ចចម្រុះ សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្តចុះធ្វើរដ្ឋបាលត្រួតពិនិត្យ នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ
ប៉ៃលិន៖ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំសមត្ថកិច្ចចម្រុះ សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្តចុះធ្វើរដ្ឋបាលត្រួតពិនិត្យ នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ស្ថិតនៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយធ្វើការឃាត់ខ្លួនជនជាតិចិន ចំនួន ០៧នាក់ និងវត្ថុតាងមួយចំនួនដែលសង្ស័យមានលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scams) ដើម្បីអនុវត្តយ៉ាងហ្មឺងម៉ាត់តាមអនុក្រឹត្យលេខ ០៣អនក្រ.បកចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត។ បន្ទាប់ពីកងកម្លាំងគណៈបញ្ចាការឯកភាពខេត្តប៉ៃលិន បន្តចុះពិនិត្យនៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ បានរកឃើញទីតាំងមួយកន្លែង សង្ស័យមានលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scams) ដោយឃាត់ខ្លួនជនជាតិចិន ចំនួន ០៧នាក់ និងវត្ថុតាងមួយចំនួនរួមមាន ៖ កុំព្យូទ័រ ALL in ONE ចំនួន១៨គ្រឿង,MONITER ចំនួន ៤គ្រឿង, ទូរស័ព្ទដៃ ចំនួន ១៤៧ គ្រឿង, CPU ចំនួន ៣គ្រឿង, អាគុយទប់ភ្លើង ចំនួន ២គ្រឿង, តុ ចំនួន ១១តុ, ស៊ីមស្មាត ចំនួន ១៣ស៊ីម, និងអត្តសញ្ញាណប័ណ្ណជនជាតិចិន ចំនួន ១សន្លឹក ហើយសូមរំលឹកថាទីតាំងនេះកន្លងមក បានកាត់ផ្តាច់ប្រព័ន្ធខ្សែកាបអុបទិចអុីនធើណេត ប៉ុន្តែជនសង្ស័យបានប្រើប្រាស់សុីមកាតជំនួសវិញ៕









