
អភិបាលខេត្តមណ្ឌលគិរី បានបន្តអភិវឌ្ឍសួនកុមារសាធារណៈនិងសាងសង់ផ្លូវបេតុងថ្មីសម្រាប់ថ្មើរជើង ក្បែរវិមានឯករាជ្យ
ខេត្តមណ្ឌលគិរី ៖ ក្រុងសែនមនោរម្យនាពេលបច្ចុប្បន្ន កំពុងបង្កើនភាពទាក់ទាញកាន់តែខ្លាំង តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសួនកុមារសាធារណៈដ៏ថ្មីស្រឡាង ស្ថិតនៅកៀកនឹងរង្វង់មូលគោព្រៃ។ គោលបំណងធំគឺដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។ នាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា រដ្ឋបាលខេត្តបានបន្តអភិវឌ្ឍ សួនកុមារសាធារណៈ ដែលបំពាក់ដោយឧបករណ៍លេងកម្សាន្តទំនើបៗ ចម្រុះពណ៌ និងមានសុវត្ថិភាពខ្ពស់ សម្រាប់កុមារៗរត់លេង និងជួបជុំគ្រួសារនៅចុងសប្តាហ៍។ បន្តសាងសង់ផ្លូវបេតុងថ្មីសម្រាប់ថ្មើរជើង (ទទឹង ៣ម៉ែត្រ) ទាំងផ្នែកខាងលើ និងខាងក្រោមជម្រាលភ្នំ ក្បែរវិមានឯករាជ្យ ព្រមទាំងដាំកូនឈើផ្កាចម្រុះដើម្បីលម្អបន្ថែម។ សាងសង់ជញ្ជាំងថ្មជើងទេរ ប្រវែង ៨៨០ម៉ែត្រ កម្ពស់ ៤.៥០ម៉ែត្រ ស្របតាមផ្លូវភ្លោះពីរង្វង់មូលគោព្រៃ ឆ្ពោះទៅវិមានឯករាជ្យ ដើម្បីធានាសោភ័ណភាព និងសុវត្ថិភាព។ ដើម្បីរក្សាសមិទ្ធផលទាំងនេះឱ្យបានយូរអង្វែង រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់៖ ១. ចូលរួមវេចខ្ចប់ និងដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ។ ២. ជួយថែរក្សាឧបករណ៍លេងកម្សាន្ត និងសម្ភារសាធារណៈឱ្យបានគង់វង្ស។ ៣. អាណាព្យាបាលត្រូវមើលថែទាំកូនតូចៗឱ្យបានដិតដល់ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ៕









