
អភិបាលខេត្តតាកែវប្ដេជ្ញាទប់ស្កាត់មិនឱ្យមានបទល្មើស Online Scams កើតឡើងក្នុងភូមិសាស្រ្តខេត្តតាកែវ
តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់និងដាក់បទបញ្ជាដល់អាជ្ញាធរក្រុងស្រុក បង្កើនការយកចិត្តទុកដាក់ ក្នុងការបង្ការ ទប់ស្កាត់មិនឱ្យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) កើតឡើងក្នុងភូមិសាស្រ្តខេត្តតាកែវជាដាច់ខាត ដើម្បីធានាបាននូវសន្ដិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគបរទេស។ ថ្លែងក្នុងឱកាសអញ្ជើញក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្ដីពីការបន្តរនិរន្តរភាពយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ក្នុងព្រះរាជាណាចក្រកម្ពុជា នៅខេត្តតាកែវ នៅសាលប្រជុំរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប ទៀត។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថាក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចុះតាមដានត្រួតពិនិត្យជាប្រចាំ រាល់ទីតាំងស្នាក់នៅទាំងអស់ ចំពោះជនបរទេសដែលមកស្នាក់នៅក្នុងខេត្តតាកែវ ពិសេសតាមទីតាំងរោងចក្រ សំណង់ផ្ទះល្វែង និងទីតាំងផ្សេងទៀត ខ្លាចក្រែងមានការបង្កប់ការធ្វើអាជីវកម្មឆបោកតាមប្រព័ន្ធអនឡាញ អំពើជួញដូរមនុស្សគ្រប់ទម្រង់ ករណីគ្រឿងញៀន ត្រូវតែបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីធានាបានូវប្រសិទ្ធភាព នៃគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដែលបានដាក់ចេញ៕៕ នៅក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ដែរថាបច្ចុប្បន្ននេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងមហាផ្ទៃបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានដាក់ចេញវិធានការដ៏មុតស្រួច សំដៅក្នុងការបង្ការ ទប់ស្កាត់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឱ្យអស់ពីក្នុងប្រទេសកម្ពុជា។ ក្នុងន័យនេះអាជ្ញាធរ រួមនឹងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ និងរួមគ្នាបង្ការ ទប់ស្កាត់ចំពោះករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រឺ Online Scam កុំអោយមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងសន្ដិសុខសង្គម៕





