
ឯកឧត្តម ថង សាវុន ចុះពិនិត្យស្ថានភាពចំការកាហ្វេរបស់ប្រជាកសិករ ដើម្បីស្វែងយល់ពីការដាំដុះ ការថែទាំ និងផលិតភាពកាហ្វេជាក់ស្តែង
ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពចំការកាហ្វេរបស់ប្រជាកសិករ នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដើម្បីស្វែងយល់ពីការដាំដុះ ការថែទាំ និងផលិតភាពកាហ្វេជាក់ស្តែង។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍អំពីសាវតានៃដំណាំកាហ្វេថា ខេត្តមណ្ឌលគិរីជាខេត្តភូមិភាគឦសាន ដែលមានលក្ខណៈពិសេសដាច់គេ ដោយសារជាតំបន់ខ្ពង់រាប មានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ និងសម្បូរទៅដោយដីក្រហមមានជីវជាតិ ដែលជាលក្ខខណ្ឌធម្មជាតិដ៏វិសេសវិសាលបំផុតសម្រាប់ដំណាំកាហ្វេ។ ទោះបីជាតំបន់ខ្លះមានភូមិសាស្ត្រខ្ពស់ជាងនេះ ដូចជាតំបន់ឱរ៉ាល់ តំបន់ភ្នំបូកគោ ឬខេត្តរតនគិរីក្ដី ក៏មិនអាចផ្ដល់អំណោយផលល្អដូចភូមិសាស្ត្រមណ្ឌលគិរី ដែលមានកម្ពស់ខ្ពស់បំផុតរហូតដល់ ៩០០ម៉ែត្រ និងមធ្យម ៧០០ម៉ែត្រ ពីកម្រិតទឹកសមុទ្រនោះទេ។ កម្ពស់ដ៏សមស្របនេះហើយ ដែលធ្វើឱ្យគ្រាប់កាហ្វេមណ្ឌលគិរីមានឱជារសឈ្ងុយឆ្ងាញ់ប្លែក និងដក់ជាប់ក្នុងចិត្តមិត្តអ្នកស្នេហាកាហ្វេគ្រប់រូប។ បច្ចុប្បន្ននេះ ក្រោមការជំរុញបន្ថែមពីមន្ត្រីជំនាញ ការដាំដុះដំណាំកាហ្វេមានការកើនឡើងគួរឱ្យកត់សម្គាល់។ យោងតាមតួលេខរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បច្ចុប្បន្នផ្ទៃដីដាំដុះកាហ្វេមានចំនួន ៥៨០ ជាងហិកតា ដោយផ្ដល់ទិន្នផលប្រមូលផលប្រហែល ១,៦០០ តោន ក្នុងមួយឆ្នាំ។ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញការរំពឹងទុកយ៉ាងមុតមាំថា នៅចុងឆ្នាំនេះ តាមរយៈការចូលរួមវិនិយោគយ៉ាងសកម្មពីវិស័យឯកជន ផ្ទៃដីដាំដុះកាហ្វេនៅក្នុងខេត្តទាំងមូលអាចនឹងហក់ឡើងរហូតដល់ទៅជាង ៦០០ ហិកតា។ កាលអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ (សង្ក្រាន្តសែនមនោរម្យ) កន្លងទៅនេះ រដ្ឋបាលខេត្តមណ្ឌលគិរីបានបង្កើតព្រឹត្តិការណ៍ដ៏គួរឱ្យទាក់ទាញ ដោយបានរៀបចំស្ដង់តាំងបង្ហាញផលិតផលកាហ្វេប្រចាំខេត្តយ៉ាងអធិកអធម។ រៀបចំចែកជូនកាហ្វេមណ្ឌលគិរីដោយឥតគិតថ្លៃ សរុបចំនួនរហូតដល់ ៦,០០០ កែវ ជូនដល់មហាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកកម្សាន្ត។ ឯកឧត្តម ថង សាវុន បានបន្តថា ដោយបច្ចុប្បន្នមានការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុនធំៗមួយចំនួន ដែលបានវិនិយោគទាំងលើការដាំដុះ និងការបង្កើតរោងចក្រកែច្នៃ ហើយមន្ត្រីជំនាញនៃមន្ទីរកសិកម្ម បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត និងជួយជ្រោមជ្រែងដល់បងប្អូនកសិករដែលមានដីទំនេរ ឬដីដែលដាំដំណាំផ្សេងៗមិនសូវហុចផល ឱ្យងាកមកដាំដុះកាហ្វេវិញ និងបណ្ដុះបណ្ដាលបច្ចេកទេសថែទាំ ក្នុងទម្រង់ជាកសិកម្មកិច្ចសន្យា ដែលធានាបានទាំងទិន្នផល និងស្ថិរភាពតម្លៃជូនកសិករ។ សម្រាប់ទីផ្សារបច្ចុប្បន្ន គ្រាប់កាហ្វេស្រស់ មានតម្លៃ ៤,០០០ រៀល ក្នុងមួយគីឡូក្រាម។ចំណែកគ្រាប់កាហ្វេស្ងួត មានតម្លៃចាប់ពី ៩ ០០០រៀល ទៅជាង ១០ ០០០ រៀល ក្នុងមួយគីឡូក្រាម (តម្លៃអាចប្រែប្រួលទៅតាមគុណភាព និងប្រភេទពូជកាហ្វេនីមួយៗ)៕









